សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង ១ម៉ឺននាក់នៅរោងចក្រតំបន់ផ្សារសាំហាន់

 ពុធ, 03 មករា 2018 11:21  |    Written by MLVT  |  462 times  |   Print  |   Email

ថ្ងៃ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅរោងចក្រតំបន់ផ្សាសាំហាន់ ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនី និងជូនពរអោយកូនក្មួយទាំងអស់ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នាក្នុងឱកាស ឆ្នាំថ្មីឆ្នាំសកល ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណគុណ ចំពោះអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដែលបានចូលរួមការពារសន្តិភាពសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ។ក្នុងថ្ងៃឆ្លងឆ្នាំសកលនោះសម្តេចតេជោក៏បានចូលរួមឆ្លងឆ្នាំផងដែរនៅអគារវឌ្ឍនៈដែលនៅទីនោះសម្តេចតេជោ បានមើលឃើញពីភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនគួរអោយកត់សំគាល់ ដែលខុសប្លែកពីអតីតកាល ដែលពេលនោះទីក្រុងភ្នំពេញមិនមានការអភិវឌ្ឍរីកចម្រើនទេ ផ្ទះភាគច្រើនពេលនោះគឺប្រើតែចង្កៀងប្រេងកាតប៉ុណ្ណោះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសារទរចំពោះកម្មករកម្មការនី ដែលបាន ទទួលការតម្លើងប្រាក់ខែចាប់ពី ១៥៣ មក ១៧០ ដុល្លារអាមេរិក ក្នុង១ខែចាប់ពីពេលនេះតទៅ។

ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់តំណែងជិត៤០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ធ្វើអោយយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

នៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ ថ្ងៃ៧មករា នឹងឈានចូលមកដល់ គឺថ្ងៃកំណើតទី២ របស់យើងដែលបានរួចផុតពីរបបប្រសល័យពូជសាសន៍ប៉ុលពត។ នៅល្ងាចថ្ងៃទី០៣នេះ សម្តេចតេជោ បញ្ជាក់ថានឹងមានការចាក់ផ្សាយនូវវីដេអូរឯកសារ១ស្តីពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិដែលទូរទស្សន៍ជាតិនឹងចាក់ផ្សាយហើយទូរទស្សន៍នានានឹងផ្សាយបន្តផងដែរដោយវីដេអូនេះបានឆ្លុះបញ្ចាំងពីប្រវត្តិរឿងរ៉ាវអតីតកាលជាពិសេសដំណើរឆ្ពោះទៅរកការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៨ចំនុចដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តអោយមានប្រសិទ្ធភាព។

១.ត្រូវអនុវត្តន៍ប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២.ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉តចត់។

៣.ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥.ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦.អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧.អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨.អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះចំនួន ៣២១នាក់ផងដែរ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕