ឯក​ឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី បាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត Kim Ki Young សកល​វិទ្យា​ធិការ នៃ​សកល​វិទ្យា​ល័យ​បច្ចេកវិទ្យា និង​អប់រំ​កូរ៉េ Korea University of Technology and Education​ (KOREATECH)

 ច័ន្ទ, 16 មេសា 2018 16:33  |    Written by MLVT  |  69 times  |   Print  |   Email

នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅ ខេត្តChungcheongnam សាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបណ្ឌិតសកលវិទ្យាធិការ បានសម្តែងនូវការស្វាគមន៍ចំពោះទស្សនកិច្ចរបស់ប្រតិភូកម្ពុជាមកកាន់វិទ្យាស្ថានKORENTECH នាពេលនេះ និងបានជម្រាបជូនប្រតិភូកម្ពុជាអំពីប្រវត្តិ និងកម្មវិធីសិក្សារបស់វិទ្យាស្ថានផងដែរ។ ជាមួយនោះក៏បានលើកឡើងនូវចំណុចមួយចំនួនទាក់ទងនឹងៈ

១-កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យKOREATCH ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមកលើការកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបានគ្រប់កម្រិត និងបាននឹងកំពុងរៀបចំគម្រោងស្ដីពី “Capacity Building for ASEAN TVET Specialist” ទៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុម័តគម្រោងនេះ ដោយផ្តោតជាសំខាន់លើការកសាងសមត្ថភាពមន្រ្តីរាជការ និងគ្រូ TVET កម្ពុជា តាមរយះការចូលរួមសិក្សារយៈពេល៖

       -១ឆ្នាំ សម្រាប់ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក TVET)  -១២សប្ដាហ៍ សម្រាប់ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (សិក្សាអំពី HRD និងវិស្វកម្ម) -២សប្ដាហ៍ សម្រាប់អ្នកបង្កើតគោលនយោបាយ TVET (សិក្សាអំពីមុខរបរ ការងារ និងTVET) -៤សប្ដាហ៍ សម្រាប់កម្លាំងពលកម្មជំនាញ (សិក្សាអំពីវិស្វកម្ម និងការប្រកួតប្រជែងបច្ចេកទេស)។ បន្ថែមលើនេះ កាលពីខែឧសភា ឆ្នាំ២០១៧ សាកលវិទ្យាល័យ KOREATECH បានបង្កើតក្របខណ្ឌសហប្រតិបត្តិ ការថ្មីមួយទៀតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង TVET-CAMPUS ជាមួយសាកលវិទ្យាល័យចំនួន ៨ ផ្សេងទៀត ដែលក្នុងនោះភាគីកម្ពុជាគឺតំណាងដោយNPIC។ កិច្ចព្រមព្រៀងនេះមានគោលបំណងលើកកម្ពស់កម្មវិធីផ្លាស់ ប្តូរការសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូរ។

២-កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងសាកលវិទ្យាល័យKOREATECH និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយបច្ចុប្បន្ននេះសាកលវិទ្យាល័យKOREATCH បាននិងកំពុងរៀបចំគម្រោង ODA ថ្មីមួយទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកំពុងរៀបចំនីតិវិធីដើម្បីស្នើសុំហិរញ្ញវត្ថុ ODA ពីរដ្ឋាភិបាលកូរ៉េ។

៣-ពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងរកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយកម្មវិធី Global TVET Management Program ឆ្នាំ2019 និងការពង្រីកកម្មវិធី TVET-CAMPUS ដែលវិទ្យាស្ថាន NPIC បានចូលរួម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវអរគុណចំពោះវិទ្យាស្ថានដែលបានស្វាគមន៍គណ:ប្រតិភូកម្ពុជាដែលបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថាននេះ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ដែលកន្លងមកវិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតលើការកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបានជាច្រើននាក់។

ជាមួយនោះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានគាំទ្រនូវការលើកឡើងទាំង៣ចំណុចរបស់ឯកឧត្តមសកលវិទ្យាធិការ ជាពិសេសគម្រោងជំនួយអភិវឌ្ឍអន្តរជាតិ ODA ដែលវិទ្យាស្ថានកំពុងរៀបចំស្នើសុំហិរញ្ញវត្ថុនេះពីរាជរដ្ឋាភិបាលកូរ៉េ និងបានស្នើសុំឱ្យវិទ្យាស្ថានបន្តជួយកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជាបច្ចុប្បន្នជាប្រទេសកំពុងមានការអភិវឌ្ឍដែលត្រូវការនូវធនធានមនុស្សបានកាន់តែច្រើនថែមទៀត។